សុ​មន​ត្ថេ​រាប​ទាន ទី៩


 [៧១] ក្នុង​គ្រានោះ ខ្ញុំ​ជា​នាយ​មាលាការ (អ្នកធ្វើ​កម្រងផ្កា) ឈ្មោះ​សុ​មនៈ បានឃើញ​ព្រះពុទ្ធ មាន​ធូលី​គឺ​កិលេស​ប្រាស​ចេញ​ហើយ ព្រះអង្គ​ជា​អ្នកទទួល​នូវ​គ្រឿងបូជា​របស់​សត្វលោក។ ខ្ញុំ​លើក​ផ្គង​នូវ​ផ្កាម្លិះ​ដ៏​ឧត្តម​ដោយដៃ​ទាំងពីរ បង្អោន​ថ្វាយព្រះ​ពុទ្ធព្រះ​នាម​សិខី ព្រះអង្គ​ជា​ផៅពង្ស​នៃ​លោក។ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ ដោយ​ការ​បូជា​ផ្កា​នេះ​ផង ដោយ​ការ​តម្កល់​ចេតនា​នេះ​ផង នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ២៦ ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ ៤ ដង ព្រះនាម​មហា​យសៈ ទ្រង់​បរិបូណ៌​ដោយ​រតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ២៦៦ | បន្ទាប់