សារីបុត្តត្ថេរាបទាន ទី៣
អ្នកទាំងឡាយចូរស្តាប់ថេរាបទាន ដូចតទៅនេះ
[៣] មានភ្នំមួយឈ្មោះ លម្ពកៈ នៅក្នុងទីមិនឆ្ងាយអំពីភ្នំហិមពាន្ត គេបានសង់អាស្រម សាងបណ្ណសាលាឲ្យខ្ញុំ។ ស្ទឹងមានច្រាំងដ៏រាក់ មានកំពង់ល្អ ជាទីគាប់ចិត្ត ដ៏ដេរដាសដោយផ្នូកខ្សាច់ដ៏ស្អាត មានក្នុងទីមិនឆ្ងាយអំពីអាស្រមខ្ញុំ។ ស្ទឹង (នោះ) មិនមានក្រួសរវាន មិនចោត មានទឹកដ៏ឆ្ងាញ់ មិនមានក្លិនអាក្រក់ តែងហូរទៅក្នុងទីនោះ ជាលម្អដល់អាស្រមខ្ញុំ។ មានក្រពើ មករ ឆ្លាម អណ្តើក លេងក្នុងស្ទឹងនុ៎ះ ហែបហែលក្នុងស្ទឹងនោះ ជាលម្អដល់អាស្រមខ្ញុំ។ មានទាំងត្រីស្លាត ត្រីសណ្តាយ ត្រីក្រាញ់ ត្រីក្រពុលបាយ ត្រីឆ្ពិន ត្រីខ្ជឹង តែងហែលឆ្វៀលឆ្វាត់ទៅមក ជាលម្អដល់អាស្រមខ្ញុំ។ នៅត្រើយស្ទឹងទាំងសងខាង មានដើមឈើដ៏សម្បូណ៌ដោយផ្កា និងផ្លែសំយុងចុះមកអំពីត្រើយស្ទឹងទាំងសងខាង ជាលម្អដល់អាស្រមខ្ញុំ។