អគ្គ​បុប្ផិ​យត្ថេ​រាប​ទាន ទី១០


 [១៦០] ខ្ញុំ​បានឃើញ​ព្រះសម្ពុទ្ធ ទ្រង់​មាន​វណ្ណៈ​ដូច​មាស គង់នៅ​ចន្លោះភ្នំ ទ្រង់​ភ្លឺស្វាង​ដោយ​រស្មី​ដូច​អណ្តាត​ភ្លើង។ ខ្ញុំ​កាន់​យក​ផ្កា​រុក្ខជាតិ​ដែល​រីក​មុនគេ ហើយ​ចូល​ទៅ​រក​ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ​ជាង​ពួក​នរៈ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​បូជា​ដល់​ព្រះពុទ្ធ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ២៥ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ព្រះនាម​មិត្ត​ឃាតកៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អគ្គ​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អគ្គ​បុប្ផិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៩៦ | បន្ទាប់