បទុមុ​ក្ខេប​វគ្គ ទី២៧
អាកា​សុ​ក្ខិ​បិ​យត្ថេ​រាប​ទាន ទី១


 [១៦១] ខ្ញុំ (បានឃើញ) ព្រះ​សិទ្ធត្ថ​សម្ពុទ្ធ ទ្រង់​មាន​វណ្ណៈ​ដូច​មាស កំពុង​និមន្ត​ទៅត្រង់​ចន្លោះ​រាន​ផ្សារ ក៏​កាន់​យក​ផ្កាឈូក ២ ទង ចូល​ទៅ​រក​ព្រះពុទ្ធ ជា​នរាសភៈ។ ខ្ញុំ​ដាក់ចុះ​នូវ​ផ្កា​មួយ​ទង ទៀប​ព្រះ​បាទា​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ ហើយ​កាន់​យក​នូវ​ផ្កា​មួយ​ទង​បោះ​ឡើង​ទៅ​នាអាកាស។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បូជា​ផ្កា។ ក្នុង​កប្ប​ទី ៣២ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ​មួយ​អង្គ ជា​ម្ចាស់ផែនដី ព្រះនាម​អន្តលិក្ខ​ករៈ ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អាកា​សុ​ក្ខិ​បិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អាកា​សុ​ក្ខិ​បិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៩៨ | បន្ទាប់