វិឡា​លិ​ទាយ​កត្ថេ​រាប​ទាន ទី៥


 [១៦៥] មាន​ភ្នំ​មួយ​ឈ្មោះ​រោម​សៈ នៅ​ជិត​ព្រៃ​ហិមពាន្ត ព្រះពុទ្ធ​ជា​សមណៈ​មួយ​អង្គ មាន​ឥន្រ្ទិយ​ស្រគត់ស្រគំ (គង់នៅ) ក្បែរ​ជើងភ្នំ​នោះ។ ខ្ញុំ​យក​ដំឡូងដៃខ្លា​ទៅ​ប្រគេន​ព្រះ​សមណៈ ឯព្រះសយម្ភូ​ជាម​ហា​វីរៈ ទ្រង់​ឈ្នះ​កិលេស បាន​អនុមោទនា​ថា អ្នកមាន​ចិត្តជ្រះថ្លា បាន​ថ្វាយ​ដំឡូងដៃខ្លា​ដល់​តថាគត ផល​តែង​កើតឡើង​ដល់​អ្នក ក្នុង​ភព​ដែល​អ្នក​កើត។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ដំឡូង ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ដំឡូងដៃខ្លា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​វិឡា​លិ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ វិឡា​លិ​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២០២ | បន្ទាប់