ឧប​ដ្ឋា​យិ​កត្ថេ​រាប​ទាន ទី៦


 [១៨៦] ខ្ញុំ​បានឃើញ​ព្រះ​មហានាគ ព្រះអង្គ​ជាធំ​ជាង​សត្វ​ជើង​ពីរ ជា​ច្បង​ក្នុង​លោក ទ្រង់​ជា​នរាសភៈ គួរ​ទទួល​នូវ​គ្រឿងបូជា ស្តេច​ទៅតាម​ច្រក។ ខ្ញុំ​បាន​ថ្វាយ​ឧបដ្ឋាក​ម្នាក់ ដល់​ព្រះមហេសី ព្រះនាម​សិទ្ធត្ថ ដែល​ខ្ញុំ​បាន​ឲ្យ​គេ​និមន្ត ព្រះអង្គ​ស្វែងរក​នូវ​ប្រយោជន៍ ដល់​សត្វលោក​ទាំងពួង។ ព្រះសម្ពុទ្ធ ជា​អ្នកប្រាជ្ញ​ប្រសើរ ទ្រង់​ទទួល​ហើយ​ប្រគល់ឲ្យ​ខ្ញុំ​វិញ ទ្រង់​ក្រោក​ចាក​អាសនៈ​នោះ មាន​ព្រះ​ភក្ត្រ​បែរចេញ​ទៅកាន់​បាចីន​ទិស ហើយ​ទ្រង់​ចៀសចេញ​ទៅ។ ក្នុង​កប្ប ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ឧបដ្ឋាក ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ឧបដ្ឋាក។ ក្នុង​កប្ប​ទី ៥៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ព្រះនាម​ពល​សេ​នៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ២២៤ | បន្ទាប់