ចិតក​បូជក​វគ្គ ទី៣០
ចិតក​បូ​ជកត្ថេ​រាប​ទាន ទី១


 [១៩១] កាលនោះ ខ្ញុំ​កើតជា​ព្រាហ្មណ៍​ឈ្មោះ​អជិ​តៈ ខ្ញុំ​ប្រាថ្នា​នឹង​បូជា​នូវ​គ្រឿងបូជា បាន​ប្រមូល​ផ្កា​ផ្សេងៗ។ ខ្ញុំ​ឃើញ​ជើងថ្ករ ដែល​កំពុង​រុងរឿង របស់​ព្រះពុទ្ធ​ព្រះនាម​សិខី ព្រះអង្គ​ជា​ផៅពង្ស​នៃ​សត្វលោក ហើយ​យក​ផ្កា​នោះ​មក​រោយរាយ​ចុះ​ត្រង់​ជើងថ្ករ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ២៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ៧ ជាតិ ជាធំ​ជាង​ពួក​មនុស្ស ព្រះនាម​សុប​ជ្ជ​លិ​តៈ​ដូចគ្នា ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ចិតក​បូ​ជកត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ចិតក​បូ​ជកត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៣០ | បន្ទាប់