សុ​បា​រិច​រិយ​វគ្គ ទី១៧
សុ​បា​រិច​រិ​យត្ថេ​រាប​ទាន ទី១


 [៦១] ព្រះពុទ្ធ​ព្រះ​នាម​បទុមៈ ព្រះអង្គ​ជាធំ​ជាង​សត្វ​ជើង​ពីរ ជា​នរាសភៈ ទ្រង់​មាន​បញ្ញាចក្ខុ ទ្រង់​ចេញ​ចាក​ព្រៃ គឺ​តណ្ហា តែង​សម្តែង​នូវ​ធម៌។ ពួក​យក្ខ​បាន​ប្រជុំ​គ្នា ក្នុង​ទី​ជិត​ព្រះពុទ្ធ​មហេសី ដោយ​កិច្ច​ដែល​ពួក​យក្ខ​ទាំងនោះ​មក​ជួបជុំគ្នា​ហើយ ប្រាថ្នា​មើល (នូវ​ព្រះសម្ពុទ្ធ) ក្នុងខណៈនោះ។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​ត្រេកអរ ដឹង​ច្បាស់​នូវ​វាចា​របស់​ព្រះពុទ្ធ ជា​គ្រឿង​សម្តែង​នូវ​ព្រះនិព្វាន ឈ្មោះ​អមតៈ ទះដៃ​ហើយ​ចូល​ទៅ​បម្រើ។ ខ្ញុំ​ជួប​នូវ​ផល​នៃ​ការបម្រើ ដែល​ខ្ញុំ​សន្សំ​ល្អ​ហើយ ចំពោះ​ព្រះ​សាស្តា ក្នុង​កប្ប​ទីបី​ម៉ឺន ខ្ញុំ​មិនដែល​ទៅ​កើត​ក្នុង​ទុគ្គតិ​ឡើយ។ ក្នុង​កប្ប​ទី ១២៩ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ព្រះនាម​សម​លង្គ​តៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ៨៩ | បន្ទាប់