ខ្ញុំឲ្យគេធ្វើសេនាសនៈ គ្រឿងជូតជើង ទីដេក ទីអង្គុយ ឈើច្រត់ ឈើស្ទន់ ឈើរងជើង និងគ្រឿងក្រអូប សម្រាប់លាបសីសៈ។ ខ្ញុំឲ្យគេធ្វើដែកភ្លើង តាំងផែនក្តារ គ្របបាត្រ ថាស បោយសម្រាប់ដងទឹក លំអិតសម្រាប់ងូត និងស្នូកសម្រាប់ជ្រលក់។ (ខ្ញុំបានឲ្យគេធ្វើ) សំពត់ជូតមុខ សំពត់ងូតទឹក សំពត់សម្រាប់ងូតទឹកភ្លៀង និសីទនៈ សំពត់បិទបូស និងស្បង់។ ខ្ញុំឲ្យគេធ្វើចីពរ សង្ឃាដី ថ្នាំហិត ច្រាសដុសធ្មេញ ទឹកជ្រក់ វត្ថុប្រៃ ទឹកឃ្មុំ និងទឹកដោះជូរ។ វត្ថុណា ឈ្មោះថាដែលគេគប្បីឲ្យ គឺក្រមួនឃ្មុំ កំណាត់សំពត់ កន្សែងជូតមុខ និងចេស ឬវត្ថុណា គួរដល់ព្រះសាស្តា ខ្ញុំក៏ប្រមូលរបស់ទាំងអស់នុ៎ះ ហើយនាំចូលទៅគាល់ព្រះរាជា ព្រះនាមអានន្ទ ព្រះអង្គជាអ្នកចម្លងពួកជន ជាអ្នកមានយសធំ។ ខ្ញុំក្រាបថ្វាយបង្គំដោយត្បូង រួចក្រាបទូលថា យើងទាំងពីរនាក់ មានជាតិខ្ពង់ខ្ពស់សើ្មគ្នា មានយសថ្កុំថ្កើងសើ្មគ្នា។