កាលអ្នកបច្ចន្តគ្រាមបះបោរឡើងហើយ ព្រះរាជាទ្រង់ឲ្យប្រជុំគ្នាយ៉ាងប្រញាប់ គឺទ្រង់ញុំាងអាមាត្យ និងរាជទូតទាំងឡាយឲ្យសង្កត់សង្កិនសត្រូវក្នុងកាលនោះ។ ពលដំរី ពលសេះ ពលពាក់គ្រឿងក្រោះ ពលកាន់ធ្នូ និងពលរថទាំងអស់ សុទ្ធតែជាអ្នកក្លៀវក្លា មកប្រជុំគ្នាក្នុងកាលនោះ។ ពួកអ្នកគ្រួ ពួកអ្នកខ្មាន់ព្រះកេស ពួកអ្នកផ្ងូតទឹក ពួកអ្នកធ្វើផ្កាកម្រងទាំងអស់ សុទ្ធតែជាពួកពិជ័យសង្រ្គាមដ៏ក្លាហាន មកប្រជុំគ្នាក្នុងកាលនោះ។ ពួកបុរសមានដាវក្នុងដៃ មានធ្នូ និងខែលក្នុងដៃទាំងអស់ សុទ្ធតែជាពួកពិជ័យសង្រ្គាមដ៏កាច មកប្រជុំគ្នាក្នុងកាលនោះ។ ពួកដំរីដ៏ប្រសើរមានអាយុ ៦០ ឆ្នាំ មានខ្សែដង្គន់ និងគ្រឿងប្រដាប់ជាវិការៈនៃមាស សុទ្ធតែជាដំរីចុះប្រេង ៣ អន្លើ ទាំងអស់មកប្រជុំគ្នាក្នុងទីនោះ។ ក្រុមយុទ្ធនាធិការទាំងអស់ ដែលមានការងារធ្វើហើយ ជាអ្នកអត់ធ្មត់ចំពោះត្រជាក់ ក្តៅ និងការបន្ទោបង់នូវលាមក មកប្រជុំគ្នាក្នុងកាលនោះ។ សំឡេងស័ង្ខ សំឡេងស្គរ ជាសំឡេងលាន់ឮឡើង ពួកជនទាំងអស់នោះរីករាយដោយសំឡេងនុ៎ះ មកប្រជុំគ្នាក្នុងកាលនោះ។