ខ្ញុំឥតអាឡោះអាល័យ បានលះបង់ពួកដំរី ៦០ ពាន់ ដែលប្រដាប់ដោយគ្រឿងអលង្ការគ្រប់យ៉ាង ជាដំរីដ៏ប្រសើរ មានខ្សែដង្គន់មាស ប្រកបដោយគ្រឿងតាក់តែងក្បាល ជាវិការៈនៃមាស ដែលពួកហ្មដំរីមានដៃកាន់លំពែងស្នែងក្របី និងកង្វេរឡើងជិះហើយ ក្នុងទីសមរភូមិ ខ្ញុំក្តៅក្រហាយសព្វដោយកម្មរបស់ខ្លួន ហើយចេញទៅកាន់ផ្នួស។ ខ្ញុំលះចោលនូវសេះ ៦០ ពាន់ ដែលប្រដាប់ដោយគ្រឿងអលង្ការទាំងពួង នូវសេះអាជានេយ្យអំពីកំណើត និងសេះសិន្ធវៈ ជាពាហនៈដ៏លឿន ដែលពួកនាយសារថីមានធ្នូក្នុងដៃ និងពាក់គ្រឿងក្រោះឡើងជិះហើយ ទាំងអស់នោះ ហើយចេញទៅកាន់ផ្នួស។ ខ្ញុំបានលះបង់នូវរាជរថចំនួន ៦០ ពាន់ ដែលប្រដាប់ដោយគ្រឿងអលង្ការគ្រប់យ៉ាង ដែលប្រកបស្រោបបិទបាំងដោយស្បែកខ្លាងដំបង និងខ្លាធំ មានទង់ជ័យលើកឡើង ទាំងអស់នោះ ហើយចេញទៅកាន់ផ្នួស។