កាលបើសំពត់ត្រូវភ្លើងឆេះអស់ហើយ ខ្ញុំចេញអំពីអាស្រមនៅអស់មួយរាត្រី ហើយចូលទៅរកព្រះលោកនាយក។ ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ជ្រាបច្បាស់នូវលោក គួរទទួលនូវគ្រឿងបូជា ទ្រង់កំពុងប្រកាសសច្ចៈ ៤ សម្តែងនូវអមតបទគឺព្រះនិព្វាន។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ កាន់យកផ្កាឈូករីកល្អ ចូលទៅថ្វាយព្រះមហេសី ហើយថ្វាយបង្គំព្រះពុទ្ធ។ ខ្ញុំបូជាព្រះសម្ពុទ្ធ ជាលោកនាយក ព្រះនាមបទុមុត្តរៈ រួចហើយធ្វើស្បែកខ្លាឆៀងស្មាម្ខាង ហើយពោលសរសើរព្រះលោកនាយកថា ព្រះសម្ពុទ្ធជាបុគ្គលមិនមានអាសវៈ គង់នៅក្នុងទីនេះ ដោយញាណណា ខ្ញុំសរសើរនូវញាណនោះ អ្នកទាំងឡាយចូរស្តាប់ខ្ញុំនឹងសម្តែង។ ព្រះអង្គកាត់នូវខ្សែសំសារវដ្តបានហើយ ទ្រង់ញុំាងសព្វសត្វទាំងឡាយ ឲ្យឆ្លងផុតបានទៀត ពួកសត្វទាំងនោះ ឆ្លងនូវខ្សែនៃតណ្ហាបាន ព្រោះតែបានស្តាប់ធម៌របស់ព្រះអង្គ។ មិនតែប៉ុណ្ណោះ ព្រះអង្គជាគ្រូ ជាទីប្រព្រឹត្តទៅក្នុងលោកខាងមុខរបស់សត្វទាំងឡាយ ជាទីពឹង ជាប្រទីបដ៏ឧត្តមជាងសត្វជើងពីរ ដូចជាទង់ ឬដូចជាទង់ជ័យ ពុំនោះសោត ដូចប្រាសាទ។