ខ្ញុំបានផ្គងអញ្ជលី ញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយរលឹកបុព្វកម្ម ក៏បានដល់ព្រះអរហត្ត។ ខ្ញុំក្រោកអំពីអាសនៈនោះ ហើយធ្វើអញ្ជលីលើក្បាល ថ្វាយបង្គំព្រះសម្ពុទ្ធ ហើយពោលវាចានេះថា ក្នុងមួយសែនកប្ប អំពីកប្បនេះ ព្រះពុទ្ធដ៏ប្រសើរ ព្រះនាមបទុមុត្តរៈ ទ្រង់ជា្របច្បាស់នូវលោក ទ្រង់គួរទទួលគ្រឿងបូជា ត្រាស់ឡើងក្នុងលោក។ ខ្ញុំបានថ្វាយឆត្រដ៏វិចត្រ តាក់តែងល្អហើយ ដល់ព្រះបទុមុត្តរៈអង្គនោះ ឯព្រះសយម្ភូ ជាអគ្គបុគ្គល ទ្រង់ទទួលហើយដោយព្រះហស្តទាំងពីរ។ ឱ! ព្រះពុទ្ធ ឱ! ព្រះធម៌ ឱ! សម្បទានៃព្រះសាស្តារបស់យើង ខ្ញុំមិនដែលទៅកាន់ទុគ្គតិ ដោយការថ្វាយឆត្រមួយប៉ុណ្ណោះ។ ខ្ញុំដុតបំផ្លាញកិលេសទាំងឡាយហើយ ខ្ញុំគាស់រំលើងភពទាំងពួងហើយ ខ្ញុំកំណត់ដឹងនូវអាសវៈទាំងពួងហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈឡើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។