បពិត្រ​ព្រះ​មហាមុនី ខ្ញុំ​មានបំណង​ចង់​ចួប​នឹង​ព្រះអង្គ ទើប​មក ខ្ញុំ​បាន​ស្តាប់ធម៌​របស់​ព្រះអង្គ​ហើយ ក៏​នឹង​បាន​ដល់​នូវ​អចល​បទ គឺ​ព្រះនិព្វាន។
 ក្នុង​កប្ប​ទី ៣០ ពាន់ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​សប្បិ​ដល់​ព្រះពុទ្ធ ខ្ញុំ​មិនដែល​ស្គាល់​សប្បិ​ដែល​ខ្ញុំ​ត្រូវ​សូម​គេ​ទេ។ សប្បិ​ដូច​ដឹង​បំណង​របស់ខ្ញុំ ហើយ​កើតឡើង​តាម​សេចក្តី​ប្រាថ្នា សប្បិ​កើតឡើង​ហើយ ព្រោះ​ដឹងចិត្ត​ខ្ញុំ ខ្ញុំ​ញុំាង​ជន​ទាំងពួង​ឲ្យ​ឆ្អែត​ស្កប់ស្កល់។ ឱ! ព្រះពុទ្ធ ឱ! ព្រះធម៌ ឱ! សម្បទា​នៃ​ព្រះ​សាស្តា​របស់ខ្ញុំ ខ្ញុំ​គ្រាន់តែ​ថ្វាយ​សប្បិ​បន្តិចបន្តួច​សោះ ត្រឡប់ជា​បាន​សប្បិ​រាប់មិនអស់។ ទឹក​ក្នុង​មហាសមុទ្រ ដែល​ទល់នឹង​ភ្នំ​សុមេរុ ប្រៀបផ្ទឹម​នឹង​សប្បិ​របស់ខ្ញុំ គង់​មិនដល់​មួយ​ភាគ​នៃ​ចំណិត។ ឱកាស​នៃ​ចក្រវាឡ​ទាំងប៉ុន្មាន ឱកាស​នោះ គង់​មិន​ល្មម​នឹង​សំពត់​ទាំងឡាយ ដែល​កើតឡើង​សម្រាប់​ខ្ញុំ ដែល​ឲ្យ​គេ​ធ្វើជា​គំនរ​ឡើយ។ សេ្តច​ភ្នំ​ឈ្មោះ​ហិមវន្ត ជា​ភ្នំ​ដ៏​ប្រសើរ គង់​មិនដល់​នូវ​ការប្រៀបធៀប​នឹង​ក្លិន​ដែល​ជាប់នឹង​កាយ​របស់ខ្ញុំ​ដែរ។
ថយ | ទំព័រទី ២២៥ | បន្ទាប់