សេះ​សិន្ធព​មួយ​ពាន់ មានសន្ទុះ​លឿន​ដូច​ខ្យល់ ជា​ពាហនៈ​ដ៏​រហ័ស នឹង​ចូល​ទៅ​បម្រើ (បុគ្គល​នោះ) ទាំង​ល្ងាច​ទាំង​ព្រឹក នេះ​ជា​ផល​នៃ​ការ​ឲ្យ​ស្ពាន។ បុគ្គល​នេះ លុះ​មកកាន់​អត្តភាព​ជា​មនុស្ស នឹង​បាន​សេចក្តី​សុខ មួយទៀត យាន​ដំរី​នឹង​កើត​ដល់​បុគ្គល​នេះ ដែល​កើតជា​មនុស្ស​ក្នុង​លោក​នេះ។ កន្លងទៅ​មួយ​សែន​កប្ប​ទៀត នឹង​មាន​ព្រះ​បរម​សាស្តា ព្រះនាម​គោតម កើត​ក្នុង​ត្រកូល​ព្រះបាទ​ឱក្កា​ករាជ ត្រាស់​ឡើង​ក្នុង​លោក។ បុគ្គល​នេះ នឹង​បាន​ទទួល​មត៌ក​ក្នុង​ធម៌​របស់​ព្រះពុទ្ធអង្គ​នោះ ជា​ឱរស​ដែល​ធម៌​និម្មិត​ហើយ នឹង​កំណត់​ដឹង​អាសវៈ​ទាំងពួង ជា​អ្នក​មិន​មាន​អាសវៈ នឹង​បរិនិព្វាន។
 ឱហ្ន៎ ! អំពើ​ដែល​ខ្ញុំ​ធ្វើល្អ​ហើយ ចំពោះ​ព្រះសម្មាសម្ពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ ខ្ញុំ​ធ្វើ​គ្រឿង​សក្ការៈ​ចំពោះ​ព្រះពុទ្ធអង្គ​នោះ​ហើយ ក៏បាន​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ។ ខ្ញុំ​មានចិត្ត​បញ្ជូន​ទៅកាន់​សេចក្តី​ព្យាយាម ជា​អ្នក​ស្ងប់​រម្ងាប់ មិន​មាន​ឧបក្កិលេស មិន​មាន​អាសវៈ ដូច​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។
ថយ | ទំព័រទី ២៣០ | បន្ទាប់