ឧម្មា​បុប្ផិ​យវគ្គ ទី៣៣
ឧម្មា​បុប្ផិ​យត្ថេ​រាប​ទាន ទី១


 [២១] ខ្ញុំ​បានឃើញ​ព្រះ​សិទ្ធត្ថ​ប្រសើរ​ជាង​ពួក​នរៈ ទ្រង់​មាន​ព្រះទ័យ​តម្កល់​មាំ​ខ្ជាប់ខ្ជួន ទ្រង់​ឈ្នះ​មារ ទ្រង់​ចូល​សមាធិ។ ខ្ញុំ​កាន់​យក​ផ្កាត្រកៀត​បូជា​ព្រះពុទ្ធ ផ្កា​ទាំងអស់​មាន​ក្បាល​តែមួយ មាន​ទង​ឡើងលើ មានមុខ​ចុះក្រោម វិចិត្រ​ល្អ​ដូចជា​កម្រាល​ផ្កា ប្រតិ​ស្ថាន​ឰដ៏​អាកាស ខ្ញុំ​បាន​កើត​ក្នុង​ឋាន​តុសិត ដោយចិត្ត​ជ្រះថ្លា​នោះ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ៥៥ អំពី​កប្ប​នេះ ក្នុង​កាលនោះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ​មួយ​អង្គ ព្រះ​នាម​សម​ន្ត​ច្ឆ​ទនៈ ជាធំ​លើ​ផែនដី ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឧម្មា​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧម្មា​បុប្ផិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៥ | បន្ទាប់