ក្នុង​កប្ប ទី ១.៨០០ នឹង​មាន​ព្រះពុទ្ធ ព្រះនាម​គោតម មាន​បញ្ញាចក្ខុ ទ្រង់​កំចាត់​បង់​នូវ​ងងឹត​អន្ធការ ត្រាស់​ដឹង​ក្នុង​លោក។ បុគ្គល​នេះ មាន​សេចក្តី​ខ្វល់ខ្វាយ នឹង​បួស​ព្រោះ​អាស្រ័យ​ការ​ឃើញ​នូវ​ព្រះពុទ្ធអង្គ​នោះ បាន​ញុំាង​ព្រះ​សាស្តា​ឲ្យ​ត្រេកអរ នឹង​រីករាយ​ក្នុង​សាសនា។ បុគ្គល​នេះ បាន​ស្តាប់ធម៌​របស់​ព្រះពុទ្ធអង្គ​នោះ​ហើយ នឹង​ដុត​បំផ្លាញ​នូវ​កិលេស​ទាំងឡាយ កំណត់​ដឹង​នូវ​អាសវៈ​ទាំងពួង ជា​បុគ្គល​មិន​មាន​អាសវៈ នឹង​បរិនិព្វាន។
 សេចក្តី​ព្យាយាម​របស់ខ្ញុំ គួរ​នាំទៅ​នូវ​ធុរៈ ជាទី​នាំមក​នូវ​ធម៌​ដ៏​ក្សេម​ចាក​យោ​គៈ ខ្ញុំ​ប្រាថ្នា​នូវ​ប្រយោជន៍​ដ៏​ឧត្តម ក្នុង​សាសនា។ នេះ​ជា​រាងកាយ​ខាងក្រោយ​បំផុត​របស់ខ្ញុំ ភព​ជាទីបំផុត​របស់ខ្ញុំ កំពុង​ប្រព្រឹត្តទៅ ខ្ញុំ​មាន​អាសវៈ​ទាំងពួង​អស់រលីង​ហើយ ឥឡូវនេះ ភព​ថ្មី​មិន​មាន​ទៀត​ឡើយ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​បាន​គាស់រំលើង​ចោល​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ដូចជា​ដំរី​ដ៏​ប្រសើរ​កាត់​ផ្តាច់​នូវ​ទន្លីង។
ថយ | ទំព័រទី ២៥០ | បន្ទាប់