ខ្ញុំ​នោះ ត្រូវ​កុសល​មូល​ដាស់តឿន ក៏បាន​ទៅ​កើត​ក្នុង​ទីនោះ​ដដែល កាល​ខ្ញុំ​នៅក្នុង​ផ្ទៃ​មាតា កុសល​ក៏​ទ្រទ្រង់​ខ្ញុំ​ក្នុង​ផ្ទៃ​នៃ​មាតា​ទៀត។ លុះ​ខ្ញុំ​ច្យុត​ចាក​កាយ​នោះ ក៏បាន​ទៅ​កើត​ក្នុង​ឋាន​ត្រៃត្រឹង្ស កាលនោះ ខ្ញុំ​មិនបាន​ឃើញ​ទោមនស្ស​ក្នុង​រវាង​នោះ​សោះ។ ខ្ញុំ​ច្យុត​ចាក​ឋាន​តាវត្តិង្ស​វិញ បាន​ចុះ​មកកាន់​ផ្ទៃ​មាតា លុះ​ចេញ​ចាក​ផ្ទៃ​ហើយ ខ្ញុំ​បាន​ស្គាល់​សេចក្តី​ទុក្ខ​តែ​បន្តិចបន្តួច។ ខ្ញុំ​មាន​អាយុ ៧ ឆ្នាំ បាន​ចូល​ទៅកាន់​អារាម​របស់​ព្រះមានព្រះភាគ ព្រះនាម​គោតម ជា​សក្យ​បុត្រ ព្រះអង្គ​ប្រកបដោយ​តា​ទិ​គុណ។ ខ្ញុំ​បានឃើញ​ពួក​ភិក្ខុ​ក្នុង​អារាម​នោះ លោកអ្នក​ធ្វើតាម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្តា ក្នុង​ពុទ្ធដីកា​ជា​ប្រធាន គឺ​សាសនា​ដែល​ទូលំទូលាយ មាន​ជន​ចុះចូល​ច្រើន។ ក្នុង​ពេលនោះ ព្រះរាជា​ក្នុង​ក្រុង​សាវត្ថី ព្រះនាម​កោសល ស្តេច​ធ្វើ​រាជដំណើរ​ទៅកាន់​ដើមពោធិ​ព្រឹក្ស​ដ៏​ឧត្តម ដោយ​រាជរថ​ដែល​ទឹម​ដំរី​ដ៏​ប្រសើរ។ លុះ​ខ្ញុំ​ឃើញ​ដំរី​ដ៏​ប្រសើរ​នៃ​ព្រះរាជា​អង្គ​នោះ ក៏​នឹកឃើញ​បុព្វកម្ម​របស់​ខ្លួន បាន​ផ្គង​អញ្ជលី ដើរទៅ​ក្នុង​សម័យ​នោះ​ដែរ។
ថយ | ទំព័រទី ៣៤ | បន្ទាប់