ខ្ញុំ​កាន់ឆត្រ​ដែល​ស្អិតស្អាង​ហើយ ដើរចូល​ទៅ​រក​ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ​ជាង​ពួក​នរៈ ខ្ញុំ​ជា​អ្នកមាន​ចិត្តរីករាយ បាន​លើកឡើង (នូវ​ឆត្រ) ទៅ​ឰដ៏​អាកាស។ (ឆត្រ​នោះ​មាន​លំអ) ដូចជា​យាន ដែល​ជាង​ផ្គុំ​ស្រួល​ហើយ ឬដូច​សាវ័ក​ជា​ឆ្នើម ដែល​មាន​ឥន្រ្ទិយ​ទូន្មាន​ល្អ​ហើយ អណ្តែត​ទៅ​រក​ព្រះសម្ពុទ្ធ ហើយ​ប្រតិ​ស្ថាន​នៅ​លើ​ព្រះ​សិរ្សៈ។ ព្រះពុទ្ធ​អគ្គនាយក​ក្នុង​លោក ទ្រង់​មាន​សេចក្តី​អនុគ្រោះ ប្រកបដោយ​សេចក្តី​ករុណា ទ្រង់​គង់នៅ​ក្នុង​ពួក​ភិក្ខុ ហើយ​សម្តែង​នូវ​គាថា​ទាំងនេះ​ថា បុគ្គល​ណា បាន​ថ្វាយ​ឆត្រ​នេះ ដែល​តាក់តែង​គួរ​ជាទី​រីករាយ​នៃ​ចិត្ត បុគ្គល​នោះ រមែង​មិនទៅ​កាន់​ទុគ្គតិ ដោយចិត្ត​ជ្រះថ្លា​នោះ​ឡើយ។ បុគ្គល​នោះ នឹង​បាន​ជា​ទេវរាជ ក្នុង​ទេវលោក អស់​វារៈ ៧ ដង នឹង​បាន​ជា​សេ្តច​ចក្រពត្តិ ៣២ ដង។ នៅ​មួយ​សែន​កប្ប​ទៀត នឹង​មាន​ព្រះ​សាស្តា ព្រះនាម​គោត​មៈ កើត​ក្នុង​ត្រកូល​ក្សត្រ​ឱក្កា​កៈ នឹង​មក​ត្រាស់​ដឹង​ក្នុង​លោក បុគ្គល​នោះ នឹង​បាន​ជា​ធម្ម​ទាយាទ ជា​ឱរស ជា​ធម្ម​និម្មិត​របស់​ព្រះ​គោតម​នោះ នឹង​កំណត់​ដឹង​នូវ​អាសវៈ​ទាំងអស់ ជា​អ្នក​មិន​មាន​អាសវៈ ហើយនឹង​បរិនិព្វាន។
ថយ | ទំព័រទី ៤០ | បន្ទាប់