ក្នុង​កប្ប​ទី ១៦៥ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ៣ ជាតិ ព្រះនាម​សហស្ស​រាជ ទ្រង់​មាន​សមុទ្រ​ទាំង ៤ ជាទីបំផុត ជាធំ​ជាង​ពួង​ជន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឧទក​បូ​ជកត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧទក​បូ​ជកត្ថេ​រាប​ទាន។


បុ​ន្នា​គបុប្ផិ​យត្ថេ​រាប​ទាន ទី៣


 [៣៣] ខ្ញុំ​បាន​កើតជា​ព្រានព្រៃ អាស្រ័យ​នៅក្នុង​ព្រៃធំ បានឃើញ​នូវ​ឈើ​បុន្នាគ ដែល​មាន​ផ្ការីក ក៏​នឹកដល់​ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ។ ខ្ញុំ​បេះ​យក​ផ្កា​ដែលមា​នក្លិ​នក្រ​អូប​ឈ្ងុយឈ្ងប់​ល្អ​នោះ ធ្វើជា​ព្រះ​ស្តូប​លើ​ផ្នូកខ្សាច់ ហើយ​បូជា​ចំពោះ​ព្រះសម្ពុទ្ធ។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។
ថយ | ទំព័រទី ៤៦ | បន្ទាប់