មួយទៀត កាល​ខ្ញុំ​កើតជា​ទេវតា ឬកើតជា​មនុស្ស គ្រាប់​ភ្លៀង​រមែង​បង្អុរ​ចុះ​ដល់​ខ្ញុំ​មួយ​ព្យាយាម​ដោយ​ជុំវិញ។ ខ្ញុំ​គាស់រំលើង​ភព​ចោល​ហើយ ខ្ញុំ​ដុត​បំផ្លាញ​ពួក​កិលេស​អស់ហើយ ខ្ញុំ​ជា​អ្នក​អស់​អាសវៈ​ទាំងពួង​ហើយ នេះ​ជា​ផល​នៃ​តំណក់​ទឹក។ កាយ​របស់ខ្ញុំ​មាន​ក្លិនក្រអូប​ផ្សាយ​ទៅ ដូច​ក្លិន​នៃ​ខ្លឹមចន្ទន៍ ក្លិន​ដែល​ជាប់នឹង​សរីរៈ​របស់ខ្ញុំ រមែង​ផ្សាយ​ទៅ​បាន​ក្នុង​ទី​កន្លះ​ក្រោ​ស (២៥០ជួរ​ធ្នូ)។ ពួក​ជន គ្រាន់តែ​ធុំក្លិន​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ ដែល​មាន​ក្លិន​ទិព្វ​ផ្សព្វផ្សាយ ប្រកបដោយ​បុញ្ញកម្ម​ថា ឱ! ផុស្សិ​តៈ​មក​ក្នុង​ទីនេះ​ហើយ។ សូម្បីតែ​មែកឈើ ស្លឹកឈើ កំណាត់ឈើ និង​ស្មៅ ក៏​ហាក់ដូចជា​ដឹង​បំណង​របស់ខ្ញុំ​ដោយសព្វគ្រប់ ហើយ​បញ្ចេញ​នូវ​ក្លិន​ក្នុងខណៈនោះ។ ក្នុង​មួយ​សែន​កប្ប អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​នូវ​តំណក់​ទឹក ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​តំណក់​ទឹក។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ។ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ៥២ | បន្ទាប់