កាល​ខ្ញុំ​ចេញ​អំពី​ផ្ទះ ព្រះសយម្ភូ ជា​អគ្គបុគ្គល​សាស្តាចារ្យ ទ្រង់​ប្រថាប់​ត្រង់​ថ្នល់ ហើយ​ធ្វើ​អនុមោទនា​ថា បុគ្គល​ណា មានចិត្ត​ជ្រះថ្លា មានចិត្ត​សោមនស្ស បាន​ថ្វាយ​សាដក​ដល់​តថាគត តថាគត​នឹង​សរសើរ​បុគ្គល​នោះ អ្នក​ទាំងឡាយ ចូរ​ស្តាប់​តថាគត​សម្តែង​ចុះ បុគ្គល​អ្នក​ថ្វាយ​សាដក​នេះ នឹង​បាន​រីករាយ​ក្នុង​ទេវលោក អស់ ៣០០០០ កប្ប កើតជា​ព្រះឥន្ទ សោយ​ទេវ​រាជ្យ ៥០ ដង បុគ្គល​អ្នក​បរិបូណ៌​ដោយ​បុញ្ញកម្ម​នេះ កាល​នៅក្នុង​ទេវលោក មាន​សំពត់​បិទបាំង​ដោយ​ជុំវិញ ១០០ យោជន៍ នឹង​បាន​ជា​ស្តេច​ចក្រពត្តិ ៣៦ ដង សោយ​បទេស​រាជ្យ​ដ៏​ដំ​ទូលាយ រាប់​បាន​មួយ​អសង្ខេយ្យ​កប្ប បុគ្គល​ដែល​បរិបូណ៌​ដោយ​បុញ្ញកម្ម​នេះ កាល​អន្ទោល​ទៅ​ក្នុង​ភព វត្ថុ​ទាំងពួង​ដែល​ចិត្ត​ចង់បាន នឹង​កើត​មួយរំពេច។ បុគ្គល​នេះ នឹង​បាន​សំពត់​ទាំងឡាយ គឺ​សំពត់សូត្រ សំពត់​រោមសត្វ សំពត់​សំបក​ឈើ និង​សំពត់​កប្បាស ដ៏​មានតម្លៃ​ច្រើន។ បុគ្គល​នេះ នឹង​បាន​នូវ​សម្បត្តិ​ទាំងពួង​តាមចិត្ត​ប្រាថ្នា នឹង​បាន​ទទួល​នូវ​ផល​នៃ​សំពត់​មួយ​នេះ សព្វកាល។
ថយ | ទំព័រទី ៦០ | បន្ទាប់