ឯក​បទុម​វគ្គ ទី៣៥
ឯកបទុមិ​យត្ថេ​រាប​ទាន ទី១


 [៤១] ព្រះ​ជិនស្រី​ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង កំពុង​ទ្រង់​សម្តែង​ធម៌​ឲ្យ​បណ្តាជន​ច្រើន​នាក់​ឆ្លង​នូវ​ភព​តូច និង​ភព​ធំ។ កាលនោះ ខ្ញុំ​កើតជា​ស្តេចហង្ស​ប្រសើរ​ជាង​សត្វស្លាប​ទាំងឡាយ បាន​ចុះ​កាន់​ជាតស្រះ ហើយ​លេងល្បែង​ហង្ស។ ខណៈនោះ ព្រះ​ជិនស្រី ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​ជ្រាប់​ច្បាស់​នូវ​ត្រៃលោក ទ្រង់​គួរ​ទទួល​គ្រឿងបូជា បាន​ស្តេច​ពុទ្ធដំណើរ​មក​ពី​ខាងលើ​ជាតស្រះ។ ខ្ញុំ​បានឃើញ​ព្រះសយម្ភូ​លោកនាយក ជា​ទេវតា​ក្រៃលែង​ជាង​ទេវតា ក៏​កាច់​ផ្កា​បទុម​ជាត គឺ​ផ្កាឈូក​ជាទី​រីករាយ​នៃ​ចិត្ត ត្រង់​ទង ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​ពាំ​យក​ផ្កា​នោះ​ដោយ​ចំពុះ ហើយ​បោះ​ទៅ​ឰដ៏​អាកាស បូជា​ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ។ ព្រះ​សាស្តា ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​ជា្រប់​ច្បាស់​ត្រៃលោក ទ្រង់​គួរ​ទទួល​គ្រឿងបូជា បាន​ប្រថាប់​នៅ​ឰដ៏​អាកាស ហើយ​ធ្វើ​អនុមោទនា​ថា អ្នក​នឹង​មិនទៅ​កើត​ក្នុង​វិនិបាត អស់​មួយ​សែន​កប្ប ដោយ​ផ្កាឈូក​មួយ​នេះ​ផង ដោយ​ការ​តាំង​ចេតនា​នេះ​ផង។
ថយ | ទំព័រទី ៦៨ | បន្ទាប់