ខ្ញុំកំពុងដើរទៅ មិនយូរប៉ុន្មាន សេ្តចម្រឹគគឺសីហៈក៏ខាំខ្ញុំ ខ្ញុំដែលត្រូវសីហៈខាំផ្តួលហើយនោះ ក៏ធ្វើមរណកាលត្រង់កន្លែងនោះ។ ព្រោះកុសលកម្មដែលខ្ញុំធ្វើហើយ ចំពោះព្រះសម្ពុទ្ធដ៏ប្រសើរ មិនមានអាសវៈ ក្នុងពេលជិតមរណៈនោះ ខ្ញុំក៏បានទៅកើតឯឋានទេវលោក ដូចកម្លាំងសរដែលរបូតចេញ។ ប្រាសាទជាវិការៈនៃកែវមណីមានពណ៌ខៀវ ដែលបុញ្ញកម្មនិម្មិតហើយសម្រាប់ខ្ញុំ ក្នុងទេវលោកនោះ ជាប្រាសាទដ៏ល្អ មានកំពស់មួយពាន់ជួរកូនសរ មានជាន់ ១០០ បរិបូណ៌ដោយទង់។ ពន្លឺនៃប្រាសាទនោះផ្សាយចេញទៅដូចព្រះអាទិត្យរះឡើង ខ្ញុំជាអ្នកប្រាថ្នារីករាយក្នុងកាម កុះករដោយស្រីទេពកញ្ញា។ ខ្ញុំច្យុតចាកទេវលោកហើយ ត្រូវកុសលមូលដាស់តឿន ក៏បានមកកាន់មនុស្សភាព ហើយដល់នូវការក្ស័យនៃអាសវៈ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយស្មៅសម្រាប់អង្គុយ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃស្មៅមួយកា្តប់។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។