សទ្ទ​សញ្ញិ​កវគ្គ ទី៣៦
សទ្ទ​សញ្ញិ​កត្ថេ​រាប​ទាន ទី១


 [៥១] ពី​ជាតិមុន ខ្ញុំ​ជា​ព្រានម្រឹគ​នៅក្នុង​ព្រៃធំ ខ្ញុំ​បានឃើញ​ព្រះសម្ពុទ្ធ មាន​ពួក​ទេវតា​ចោមរោម​ក្នុង​ទីនោះ ដែល​កំពុង​ទ្រង់​ប្រកាស​នូវ​សច្ចៈ ៤ ស្រោចស្រង់​មហាជន ខ្ញុំ​បាន​ស្តាប់​នូវ​ព្រះពុទ្ធ​ដី​កាដ​៏​ពីរោះ ឧបមា​ដូច​សម្រែក​នៃ​ករវិក។ ខ្ញុំ​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​ព្រះសូរសៀង​គឹកកង របស់​ព្រះ​មុនី​ព្រះនាម​សិខី ជា​លោ​កពន្ទុ មាន​ព្រះសូរសៀង​ដូច​សម្លេង​នៃ​ព្រហ្ម ហើយ​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើ​នូវ​កុសលកម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សេចក្តី​ជ្រះថ្លា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សទ្ទ​សញ្ញិ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សទ្ទ​សញ្ញិ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៨១ | បន្ទាប់