ផ្នូកខ្សាច់​ដ៏​ល្អ​ដេរដាស ជ្រួតជ្រាប​ដោយ​ទឹក​ក្នុង​ទីនោះ នឹង​ដើម​សេត​ព្រឹក្ស មាន​ផ្កា​រោយ​ចុះ ក៏​ផ្ការីក ធ្វើ​អាស្រម​របស់ខ្ញុំ​ឲ្យ​ល្អ។ ពួក​តាបស​ទាំងអស់ ពេញ​ទៅ​ដោយ​ភារៈ គឺ​ផ្នួងសក់ ស្លៀកសំពត់​ស្បែក​ខ្លា ទាំង​ទ្រទ្រង់នូវ​សំពត់​សំបក​ឈើ ធ្វើ​អាស្រម​របស់ខ្ញុំ​ឲ្យ​ល្អ។ (ពួក​តាបស​ទាំងនោះ) ក្រឡេក​មើល​ប្រមាណ​មួយ​ជួរ​នឹម ជា​បុគ្គល​មាន​បញ្ញា​ចាស់ មាន​កិរិយា​ប្រព្រឹត្ត​ដ៏​ស្ងប់ស្ងាត់​ជាប្រក្រតី មិន​មាន​សេចក្តី​ប្រាថ្នា​ក្នុង​ការ​ជាប់​ចំពាក់​ដោយ​កាម នៅក្នុង​អាស្រម​របស់ខ្ញុំ។ ពួក​តាបស​ទាំងអស់​នោះ មាន​ក្រចក និង​រោមក្លៀក​ដុះ​វែងៗ មានមន្ទិល​ធ្មេញ មាន​ធូលី​លើ​ក្បាល ទ្រទ្រង់នូវ​ធូលី និង​ក្អែល នៅក្នុង​អាស្រម​របស់ខ្ញុំ។ ពួក​តាបស​ទាំងនោះ ដល់​នូវ​អភិញ្ញា​បារមី សុទ្ធតែ​ត្រាច់​ទៅ​ឰដ៏​អាកាស​បាន តាបស​ទាំង​នុ៎ះ​ហោះ​ទៅកាន់​អាកាស ធ្វើ​អាស្រម​របស់ខ្ញុំ​ឲ្យ​ល្អ។ គ្រានោះ ខ្ញុំ​មាន​ពួក​សិស្ស​ទាំងនោះ ចោមរោម​ជា​បរិវារ នៅក្នុង​ព្រៃធំ ឆ្អែត​ស្កប់ស្កល់​ដោយ​សេចក្តី​រីករាយ​ក្នុង​ឈាន ឥត​ដឹង​យប់ និង​ថ្ងៃ។
ថយ | ទំព័រទី ១០ | បន្ទាប់