សម័យ​នោះ ព្រះមានព្រះភាគ ព្រះនាម​អត្ថ​ទស្សី ជា​អ្នកប្រាជ្ញ​ធំ ព្រះអង្គ​ជានា​យក​នៃ​សត្វលោក ទ្រង់​កំចាត់​បង់​នូវ​ងងឹត​អន្ធការ ទ្រង់​កើតឡើង​ក្នុង​លោក។ គ្រានោះ មាន​សិស្ស​មួយ​រូប ចូល​មក​ក្នុង​សំណាក់​ខ្ញុំ សិស្ស​នោះ​មានប្រាថ្នា​នឹង​រៀន​នូវ​មន្ត​ទាំងឡាយ ឈ្មោះ​ឆឡង្គ​លក្ខណៈ។ ព្រះពុទ្ធ​ព្រះនាម​អត្ថ​ទស្សី ជា​អ្នកប្រាជ្ញ​ដ៏​ប្រសើរ​ផុត ទ្រង់​កើតឡើង​ក្នុង​លោក កំពុង​ប្រកាស​នូវ​សច្ចៈ ៤ ហើយ​សម្តែង​នូវ​អមតបទ​គឺ​និព្វាន។ ខ្ញុំ​មាន​សេចក្តី​ត្រេកអរ​ស្រស់ស្រាយ​រីករាយ ជាទី​អាស្រ័យ​នៅ​នៃ​ពួក​អ្នកមាន​ចិត្តជា​ធម៌ បាន​ចេញ​អំពី​អាស្រម ហើយ​ពោល​ពាក្យ​នេះ​ថា ព្រះពុទ្ធ​កើតឡើង​ហើយ​ក្នុង​លោក ទ្រង់​មាន​លក្ខណៈ​ដ៏​សំខាន់ ៣២ ប្រការ ដូច្នេះ អ្នករាល់គ្នា​ចូរ​មក យើង​នឹង​ទៅ​ក្នុង​សំណាក់​នៃ​ព្រះសម្មាសម្ពុទ្ធ។ ពួក​តាបស​ទាំងនោះ ជា​អ្នកធ្វើ​តាម​ឱវាទ​ខ្ញុំ ដល់​នូវ​បារមី​ក្នុង​ព្រះ​សទ្ធម្ម ជា​អ្នក​ស្វែងរក​នូវ​ប្រយោជន៍​ដ៏​ប្រសើរ បាន​ទទួល​ថា សាធុ។
ថយ | ទំព័រទី ១១ | បន្ទាប់