ពួកតាបសទាំងនោះ សឹងពេញទៅដោយភារៈ គឺផ្នួងសក់ ស្លៀកពាក់ស្បែកខ្លា កំពុងស្វែងរកប្រយោជន៍ដ៏ឧត្តម ចេញចាកព្រៃ ក្នុងកាលនោះ។ គាប់ជួនសម័យនោះ ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ព្រះអង្គមានយសធំ កំពុងប្រកាសសច្ចៈ ៤ សម្តែងនូវអមតបទ គឺនិព្វាន។ ខ្ញុំបានកាន់ស្វេតឆ័ត្របាំងថ្វាយព្រះពុទ្ធដ៏ប្រសើរ លុះបាំងថ្វាយអស់មួយថ្ងៃហើយ ខ្ញុំថ្វាយបង្គំព្រះពុទ្ធដ៏ប្រសើរ។ ចំណែកខាងព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ទ្រង់ជាច្បងក្នុងលោក ជានរៈដ៏ប្រសើរ ទ្រង់គ្រង់ក្នុងពួកភិក្ខុ ហើយត្រាស់នូវគាថាទាំងនេះថា
 បុគ្គលណាមានចិត្តជ្រះថ្លា បានបាំងឆ័ត្រថ្វាយតថាគត ដោយដៃរបស់ខ្លួន តថាគត នឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ បុគ្គលនេះ កាលកើតជាទេវតា ឬកើតជាមនុស្ស ពួកជននឹងបាំងឆ័ត្រឲ្យសព្វៗកាល នេះជាផលនៃការថ្វាយឆ័ត្រ។
ថយ | ទំព័រទី ១២ | បន្ទាប់