នឡមា​លិ​វគ្គ ទី៤៨
នឡមា​លិ​យត្ថេ​រាប​ទាន ទី១


 [៦១] ខ្ញុំ​បានឃើញ​នូវ​ព្រះសម្ពុទ្ធ មាន​វណ្ណៈ​ដូច​មាស ជា​លោកនាយក ទ្រង់​គួរ​ទទួល​នូវ​គ្រឿងបូជា ស្តេច​ទៅតាម​ជាយព្រៃ​ធំ។ ខ្ញុំ​កាន់​យក​កម្រងផ្កា​បបុស ហើយ​ចេញទៅ ក្នុងខណៈនោះ បានឃើញ​ព្រះសម្ពុទ្ធ ទ្រង់​ឆ្លង​ឱឃៈ ព្រះអង្គ​មិន​មាន​អាសវៈ គង់នៅ​ក្នុង​ព្រៃ​នោះ។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​បូជា​កម្រ​ងផ្តា​ផ្កា​បបុស ចំពោះ​ព្រះពុទ្ធ​ជា​ទក្ខិណេយ្យ​បុគ្គល ព្រះអង្គ​មាន​ព្យាយាម​ច្រើន ទ្រង់​អនុគ្រោះ​សព្វ​សត្វលោក។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បូជា​ផ្កា ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ១៣៦ | បន្ទាប់