ខ្ញុំ​ស្និទ្ធស្នាល​នឹង​សុមេធ​តាបស មានក​រុ​ណា​ជា​លំនៅ ខ្ញុំ​ក៏បាន​បួស​តាម​តាបស ជា​អ្នកមាន​ព្យាយាម ដែល​ទ្រង់​ផ្នួស​នោះ។ ខ្ញុំ​សង្រួម​ក្នុង​បាតិមោក្ខ​ផង ក្នុង​ឥន្រ្ទិយ​ទាំង ៥ ផង មាន​អាជីវៈ​ដ៏​បរិសុទ្ធ មានសតិ ជា​អ្នកប្រាជ្ញ ជា​អ្នកធ្វើ​តាម​ពាក្យ​ប្រដៅ​នៃ​ព្រះ​ជិនស្រី។ កាល​ខ្ញុំ​នៅជា​មួយ​នឹង​បាបមិត្ត​ណាមួយ យ៉ាងនេះ ក៏បាន​ប្រកប​ក្នុង​អនាចារ ហើយ​ឃ្លាតចាក​ផ្លូវ​ដ៏​ល្អ។ ខ្ញុំ​ជា​អ្នក​លុះ​ក្នុង​អំណាច​វិតក្កៈ បាន​ចៀសចេញ​អំពី​សាសនា វេលា​ក្រោយមក ខ្ញុំ​បាន​ប្រកបដោយ​បាបមិត្ត​អាក្រក់​នោះ​ទៀត ក៏​ប្រព្រឹត្ត​ធ្វើ​នូវ​មាតុឃាត។ ខ្ញុំ​មានចិត្ត​ប្រទូស្ត បាន​ធ្វើ​អនន្តរិយ​កម្ម គឺ​សម្លាប់​មាតា ខ្ញុំ​ច្យុត​អំពី​អត្តភាព​នោះ បាន​ទៅ​កើត​ក្នុង​មហា​អវីចិ​នរក​ដ៏​អាក្រក់​ក្រៃពេក។ ខ្ញុំ​ទៅ​កើត​ក្នុង​អសុរកាយ ដល់​នូវ​សេចក្តី​ទុក្ខ អន្ទោល​ទៅ​អស់កាលជាយូរអង្វែង លែង​បានឃើញ​ព្រះ​សុមេធ​តាបស ជា​អ្នកប្រាជ្ញ​ប្រសើរ​ជាង​ជន។
ថយ | ទំព័រទី ១៨៩ | បន្ទាប់