កាលនោះ ព្រះ​មុនី​បាន​ទត​ឃើញ​ខ្ញុំ​ហើយ ក៏​ត្រាស់​ថា នែ​ធម្ម​រុ​ចិ អ្នក​ចូរ​រលឹក​តអំពី​នោះ​ទៅ។ ខ្ញុំ​បាន​ពោល​នូវ​បុព្វកម្ម ដែល​ខ្លួនខ្ញុំ​បាន​អប់រំ​ហើយ ថ្វាយព្រះ​ពុទ្ធ​ជា​ម្ចាស់​ថា
 ខ្ញុំ​ខាន​បានឃើញ​ព្រះពុទ្ធ មាន​បុញ្ញ​លក្ខណៈ​ច្រើន មាន​វិសុទ្ធិ​ជា​បច្ច័យ​ក្នុង​កាលមុន អស់​កាលយូរ​ហើយ ទើបតែ​ក្នុងថ្ងៃនេះ ខ្ញុំ​បានឃើញ​ព្រះ​កាយ​របស់​ព្រះអង្គ ដ៏​គួរ​រមិលមើល​រក​បុគ្គល​ប្រៀប​ពុំ​បាន។ ខ្ញុំ​បាន​តំ​កល់​បុណ្យ​ចំពោះ​ព្រះអង្គ​អស់​កាលយូរ កិលេស​ទាំងឡាយ ខ្ញុំ​បាន​ឲ្យ​រីងស្ងួត មិន​មាន​សេសសល់ ដោយ​ការ​រក្សា​ដ៏​ស្អាត បពិត្រ​ព្រះ​មហាមុនី ភ្នែក​គឺ​ញាណ​មិន​មានមន្ទិល ខ្ញុំ​បាន​ជំរះ​ហើយ​អស់​កាលយូរ។ ខ្ញុំ​ព្រះអង្គ​ប្រកប​ជាមួយនឹង​ព្រះអង្គ អស់កាលដ៏យូរ មិន​វិនាស​ក្នុង​ចន្លោះ​ថ្មីទៀត អស់កាលដ៏យូរ ក្នុងថ្ងៃនេះ ខ្ញុំ​ព្រះអង្គ​ប្រកប​ព្រម​ជាមួយនឹង​ព្រះអង្គ​ម្តង​ទៀត បពិត្រ​ព្រះ​គោត​មៈ អំពើ​ទាំងឡាយ​ដែល​ខ្ញុំ​បាន​ធ្វើ មិន​វិនាស​ឡើយ។
ថយ | ទំព័រទី ១៩១ | បន្ទាប់