ព្រះសម្ពុទ្ធ​មាន​ព្រះ​ភាគ ព្រះនាម​បិយ​ទស្សី ជា​ព្រះសយម្ភូ ជា​អគ្គបុគ្គល ទ្រង់​ប្រាថ្នា​វិវេក បាន​ស្តេច​ចូល​ទៅ​ក្នុង​ព្រៃ​រាំង។ ខ្ញុំ​បាន​ចេញ​អំពី​អាស្រម​ទៅ​ក្នុង​ព្រៃ ក្នុង​កាលនោះ ខ្ញុំ​កាល​នឹង​ស្វែងរក​នូវ​មើម​ឈើ និង​ផ្លែឈើ បាន​ត្រាច់​ទៅ​ក្នុង​ព្រៃ។ ខ្ញុំ​បានឃើញ​នូវ​ព្រះសម្ពុទ្ធ ព្រះនាម​បិយ​ទស្សី​មានយស​ធំ ព្រះអង្គ​គង់​ចូល​និរោធ​សមាបត្តិ​ដ៏​រុងរឿង​ក្នុង​ព្រៃធំ​នោះ។ ខ្ញុំ​បាន​តំ​កល់​ទុក​នូវ​ឈើ ៤កំណាត់ ពី​ខាងលើ​នៃ​ព្រះសម្ពុទ្ធ ហើយ​ធ្វើ​មណ្ឌប​យ៉ាង​ល្អ ប្រក់​ដោយ​ផ្ការាំង​ទាំងឡាយ។ ខ្ញុំ​បាន​ទ្រទ្រង់នូវ​មណ្ឌប ដែល​ប្រក់​ដោយ​ផ្ការាំង អស់ ៧ ថ្ងៃ ហើយ​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា ក្នុង​មណ្ឌប​នោះ ទាំង​បាន​ថ្វាយបង្គំ​នូវ​ព្រះពុទ្ធ​ដ៏​ប្រសើរ។ សម័យ​នោះ ព្រះមានព្រះភាគ ជា​បុរស​ដ៏​ឧត្តម បាន​ចេញ​អំពី​សមាធិ​ហើយ គង់​សំឡឹង​មើល​ទី​អំពី​ចម្ងាយ​ប្រមាណ​មួយ​ជួរ​នឹម។
ថយ | ទំព័រទី ១៩៣ | បន្ទាប់