ក្នុង​កប្ប​ទី ១.៨០០ ព្រះ​សាស្តា ព្រះនាម​គោតម ទ្រង់​កើត​ក្នុង​ត្រកូល​ឱក្កា​ករាជ នឹង​ត្រាស់​ដឹង​ក្នុង​លោក។ កុលបុត្ត​នេះ នឹង​បាន​ជា​ឱរស​ដែល​ព្រះធម៌​និមិ្មត ជា​អ្នកទទួល​នូវ​មត៌ក​ក្នុង​ធម៌​របស់​ព្រះ​គោតម​នោះ កំណត់​ដឹង​អាសវៈ​ទាំងពួង ជា​អ្នក​មិន​មាន​អាសវៈ នឹង​បរិនិព្វាន។ កាល​កុលបុត្ត​នោះ ត្រាស់​ដឹង​នូវ​ធម៌ នឹង​មាន​មណ្ឌប​ប្រក់​ដោយ​ផ្ការាំង កាល​គេ​កំពុង​បូជា​លើ​ជើងថ្ករ នឹង​មាន​មណ្ឌប​ប្រក់​ដោយ​ផ្ការាំង​ក្នុង​ទីនោះ។ លុះ​ព្រះ​មហាមុនី ព្រះនាម​បិយ​ទស្សី ទ្រង់​ប្រកាស​នូវ​វិបាក​រួចហើយ ទើប​សម្តែង​នូវ​ព្រះធម៌​ដល់​បរិស័ទ ទ្រង់​ញុំាង​បរិស័ទ​ឲ្យ​ឆ្អែត ដោយ​ភ្លៀង​គឺ​ព្រះធម៌។
 ខ្ញុំ​បាន​សោយរាជ្យ ជា​សេ្តច​ទេវតា​ក្នុង​ទេវលោក អស់ ៣០ កប្ប បាន​ជា​ស្តេច​ចក្រពត្តិ អស់ ៦៧ ដង។ លុះ​ខ្ញុំ​ច្យុត​ចាក​ទេវលោក មក​កើត​ក្នុង​មនុស្សលោក​នេះ ក៏បាន​នូវ​សេចក្តី​សុខ​ដ៏​ធំ​ទូលាយ មាន​ទាំង​មណ្ឌប​ដែល​ប្រក់​ទៅ​ដោយ​ផ្ការាំង នេះឯង​ជា​ផល​នៃ​មណ្ឌប។
ថយ | ទំព័រទី ១៩៦ | បន្ទាប់