ខ្ញុំ​លះ​រាងកាយ​ជា​របស់​មនុស្ស​ហើយ ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស ដោយ​សេស​នៃ​កម្ម​នោះ​ផង ដោយ​ការ​តាំង​ទុក​នូវ​ចេតនា​នោះ​ឯង។ ខ្ញុំ​អន្ទោល​ទៅ​ក្នុង​ភព​តូច​ភព​ធំ ជា​អ្នកមាន​សេចក្តី​សុខ​ក្នុង​ភព​ទាំងពួង ខ្ញុំ​មក​កើត​ក្នុង​ត្រកូល​មួយ ក្នុង​ក្រុង​សាវត្ថី។ មាតា​មាន​ភ័យ​អំពី​បិសាច​បៀតបៀន​នូវ​ខ្ញុំ ដែល​នៅ​ល្អិត​ទន់​ដូច​ទឹកដោះខាប់ កំពុង​នៅ​ដេក​ផ្ងា ល្អិត​ទន់​ដូច​ត្រួយឈើ។ មាតា​ផ្តេក​ខ្ញុំ​ទៀប​បាទមូល​របស់​ព្រះមហេសី លុះ​គាត់​មានចិត្តចង់​ថ្វាយ (ទើប​ពោល​ថា) បពិត្រ​ព្រះ​លោកនាថ ខ្ញុំ​ព្រះអង្គ​ថ្វាយ​ទារក​នេះ​ចំពោះ​ព្រះអង្គ បពិត្រ​ព្រះ​នាយក​ខ្ញុំ​ព្រះអង្គ​សូម​ដល់​នូវ​ព្រះអង្គ ជាទី​ពឹង​ទី​រលឹក។ គ្រានោះ ព្រះ​មហាមុនី​នោះ ដែល​ជាទី​ពឹង​នៃ​ពួក​សត្វ​អ្នកខ្លាច ទ្រង់​ទទួល​នូវ​ខ្ញុំ​ដោយ​ព្រះហស្ត​ដ៏​ទន់​ដូច​ផ្កា មាន​ក្រឡា​ប្រទាក់​ដូច​សំណាញ់ មាន​ជួរ​ស្នាម​វិលវង់​ដូច​ចក្រ។
ថយ | ទំព័រទី ២៩៤ | បន្ទាប់