រាងកាយ​ជា​របស់​មានទោស រក​ទីបំផុត​គ្មាន មាន​ឧបមា​ដូចដើម​ឈើ​មានពិស ជា​លំនៅ​នៃ​រោគ​ទាំងពួង ជា​គំនរ​នៃ​កង​ទុក្ខ​ទាំងអស់។ អ្នក​គួរ​នឿយណាយ ចាក​កាយ​នោះ គួរ​ឃើញ​នូវ​ការ​កើតឡើង និង​ការ​សូន្យ​នៃ​ខន្ធ​ទាំងឡាយ​ក្នុង​រូប​ចុះ អ្នក​នឹង​ដល់​នូវ​ព្រះនិព្វាន​ជាទីបំផុត​នៃ​កិលេស​ទាំងពួង ដោយ​សេចក្តី​សុខ។ លុះ​ព្រះ​នាយក ទ្រង់​ស្វែងរក​នូវ​ប្រយោជន៍​អង្គ​នោះ ប្រៀនប្រដៅ​ខ្ញុំ​យ៉ាងនេះ​រួចហើយ ខ្ញុំ​ក៏​ឡើងភ្នំ​គិជ្ឈកូដ នៅ​សញ្ជប់សញ្ជឹង​ត្រង់​ច្រកភ្នំ។ ព្រះ​ជិនស្រី​មហាមុនី ទ្រង់​ឋិតនៅ​នា​ជើងភ្នំ ញុំាង​ខ្ញុំ​ឲ្យ​ត្រេកអរ ទ្រង់​ត្រាស់​ហៅ​ខ្ញុំ​ថា ម្នាល​វក្ក​លិ ខ្ញុំ​បានឮ​ព្រះពុទ្ធដីកា​នោះ​ហើយ ក៏​មានចិត្ត​រីករាយ។ កាលនោះ ខ្ញុំ​ស្ទុះ​ទៅត្រង់​ជ្រោះ​ភ្នំ មាន​ជម្រៅ​ច្រើន​រយ​ជួរ​បុរស ដើរទៅ​កាន់​ផែនដី​ដោយ​ស្រួល​ដោយ​ពុទ្ធា​នុ​ភាព។ ព្រះ​មហាមុនី​ទ្រង់​សម្តែង​ធម៌ គឺ​ការ​កើតឡើង និង​ការ​សូន្យ​នៃ​ខន្ធ​ទាំងឡាយ​ម្តង​ទៀត ខ្ញុំ​បានដឹង​នូវ​ធម៌​នោះ​ហើយ ក៏បាន​ដល់​នូវ​អរហត្តផល។
ថយ | ទំព័រទី ២៩៦ | បន្ទាប់