ខ្ញុំ ព្រមទាំង​អាមាត្យ ជា​អ្នក​រាប់អាន​ព្រះពុទ្ធ ស៊ូ​លះ​រាជ្យ​ចេញ​ដើរទៅ បានឃើញ​ស្ទឹង​មហា​ចន្ទា មាន​ទឹក​ពេញ​ប្រៀប។ ជា​ស្ទឹង​មិន​មាន​កំពង់ មិន​មាន​ឈើ​ស្នួ (ស្ពាន) គេ​ឆ្លង​បាន​ដោយ​ក្រ ជា​ស្ទឹង​មាន​ខែ្ស​ទឹក​រហ័ស ខ្ញុំ​រលឹក​គុណព្រះ​សម្ពុទ្ធ​ហើយ ក៏​ឆ្លង​បាន​ដោយ​សួស្តី ដោយ​គិតថា ប្រសិនបើ​ព្រះសម្ពុទ្ធ​ទ្រង់​ឆ្លង​នូវ​ខែ្ស​ទឹក​គឺ​ភព​រួចហើយ ដល់​នូវ​ព្រះនិព្វាន​ជាទីបំផុត​នៃ​លោក ទ្រង់​ជា្រប​ច្បាស់ (ត្រាស់​ឡើង​ពិតមែន) ដំណើរ​របស់ខ្ញុំ សូមឲ្យ​សម្រេច ដោយ​ពាក្យសច្ចៈ​នេះ។ ប្រសិនបើ មគ្គ​ជា​ដំណើរ​ទៅកាន់​ទី​ស្ងប់​រម្ងាប់ ជាទី​ឲ្យ​នូវ​ការ​រួច​ស្រឡះ​កិលេស ជាទី​ស្ងប់​រម្ងាប់ ជាទី​សុខ (មាន​ពិតមែន) ដំណើរ​របស់ខ្ញុំ សូមឲ្យ​សម្រេច​ដោយ​ពាក្យសច្ចៈ​នេះ។ ប្រសិនបើ ព្រះសង្ឃ​ជា​អ្នក​ឆ្លងផ្លូវ​លំបាក​រួចហើយ ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ (មាន​ពិតមែន) ដំណើរ​របស់ខ្ញុំ សូមឲ្យ​សម្រេច ដោយ​ពាក្យសច្ចៈ​នេះ។
ថយ | ទំព័រទី ៣០២ | បន្ទាប់