លុះ​ខ្ញុំ​ធ្វើ​សច្ចៈ​ដ៏​ប្រសើរ​រួចហើយ ទឹកស្ទឹង​ក៏​រីង​ខះ​អស់​អំពី​ផ្លូវ លំដាប់នោះ ខ្ញុំ​ឆ្លង​ឡើងលើ​ត្រើយ​ស្ទឹង ជាទី​មនោរម្យ​ដោយ​សុវត្ថិភាព។ ខ្ញុំ​បានឃើញ​ព្រះពុទ្ធ​ទ្រង់​គង់នៅ មាន​រស្មី​ដូច​ព្រះអាទិត្យ​ដែល​រះ​ឡើង ទ្រង់​រុងរឿង​ដូច​ភ្នំ​មាស មាន​ពន្លឺ​ដូចដើម​ឈើ​ប្រចាំ​ទ្វីប។ មាន​ពួក​សាវ័ក​ចោមរោម ដូច​ព្រះចន្ទ្រ​ដែល​ប្រកបដោយ​ពួក​ផ្កាយ ឬដូច​ជា​ទឹកហូរ ដែល​ទេវតា​បង្អុរ​ចុះ​មក ទ្រង់​ជាទី​រីករាយ​របស់​ពួក​ជន។ ខ្ញុំ ព្រមទាំង​អាមាត្យ លុះ​ថ្វាយបង្គំ​ហើយ ចូល​ទៅកាន់​ទីសម​គួរ លំដាប់នោះ ព្រះសម្ពុទ្ធ​ទ្រង់​ជ្រាប​អធ្យាស្រ័យ ហើយ​បាន​សម្តែង​ធម៌។ លុះ​យើងខ្ញុំ​ស្តាប់ធម៌​ស្អាត មិន​មានមន្ទិល ទើប​ក្រាបទូល​ព្រះ​ជិនស្រី​ថា បពិត្រ​ព្រះអង្គ​ដ៏​ទ្រង់​ព្យាយាម​ធំ សូម​ព្រះអង្គ​បំបួស យើងខ្ញុំ​នឹង​ឆ្លង​ភព​ទាំងឡាយ។ ព្រះសម្ពុទ្ធ ជា​ព្រះ​មុនី​ទី ៧ ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​ដែល​តថាគត​ពោល​ល្អ​ហើយ ដល់​អ្នក​ទាំងឡាយ ជា​ធម៌​ប្រព្រឹត្តទៅ ដើម្បី​ធ្វើ​នូវ​ព្រះនិព្វាន ជាទីបំផុត​នៃ​កង​ទុក្ខ អ្នក​ទាំងឡាយ ចូរ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ចុះ។
ថយ | ទំព័រទី ៣០៣ | បន្ទាប់