ពួក​យើងខ្ញុំ​ទាំងអស់ ទ្រទ្រង់​ភេទ​ជា​ភិក្ខុ តំណាល​នឹង​ព្រះពុទ្ធដីកា លុះ​បាន​ឧបសម្បទា​ហើយ ក៏បាន​ជា​សោតាបន្ន​បុគ្គល​ក្នុង​សាសនា។ លំដាប់នោះ ព្រះ​នាយក​ទ្រង់​ស្តេច​ទៅកាន់​វត្ត​ជេតពន ទ្រង់​ប្រៀនប្រដៅ​ខ្ញុំ ឯខ្ញុំ​ដែល​ព្រះ​ជិនស្រី ទ្រង់​បៀន​ប្រដៅ​ហើយ ក៏បាន​ដល់​នូវ​ព្រះ​អរហត្ត។ លំដាប់នោះ ខ្ញុំ​ប្រដៅ​ពួក​ភិក្ខុ​មួយ​ពាន់​រូប ពួក​ភិក្ខុ​ទាំង​មួយ​ពាន់​នោះ ធ្វើតាម​ពាក្យ​ប្រៀនប្រដៅ​របស់ខ្ញុំ ក៏​ទៅជា​អ្នក​មិន​មាន​អាសវៈ​ក្នុង​កាលនោះ។ ព្រះ​ជិនស្រី​ទ្រង់​ត្រេកអរ​ក្នុង​គុណ​នោះ ទ្រង់​តាំង​ខ្ញុំ​ក្នុង​ទី​ជា​ឯតទគ្គៈ ក្នុង​កណ្តាល​មហាជន​ថា កប្បិ​នភិ​ក្ខុ ជាកំពូល​នៃ​ពួក​សាវ័ក​អ្នកឲ្យឱវាទ​ភិក្ខុ។ ព្រះ​ជិនស្រី ទ្រង់​សម្តែង​ផលកម្ម ដែល​ខ្ញុំ​ធ្វើ​ហើយ ក្នុង​កប្ប​ទីមួយ​សែន ក្នុង​សាសនា​នេះ ខ្ញុំ​មានចិត្ត​រួច​ស្រឡះ​ហើយ ដូចជា​សន្ទុះ​នៃ​កូនសរ ខ្ញុំ​ដុត​កិលេស​ទាំងឡាយ​របស់ខ្ញុំ​ហើយ។
ថយ | ទំព័រទី ៣០៤ | បន្ទាប់