ស្គរ​ទាំងឡាយ​ក្នុង​ទិស​ទាំង ៤ ដែល​មិនមែន​ជា​របស់​មនុស្ស ក៏​បន្លឺ​ឡើង រន្ទះ​ទាំងឡាយ​ជា​របស់​នាំមក​នូវ​ភ័យ ក៏​ធ្លាក់ចុះ​ជុំ​ទិស។ ភ្លើងគប់​ទាំងឡាយ ក៏​ធ្លាក់​មក​អំពី​អាកាស ផ្កាយដុះកន្ទុយ អណ្តាត​ភ្លើង ព្រមទាំង​ផ្សែង ក៏​ប្រាកដ​ឡើង ពួក​ម្រឹគ​ស្រែក​នូវ​សម្រែក​ករុណា។ កាលនោះ យើង​ជា​ភិក្ខុ ៧ រូប ឃើញ​ហេតុ​កាច​អាក្រក់ ជា​ចម្រូង ឲ្យ​វិនាស​សាសនា​កើតឡើង ក៏​មាន​សេចក្តី​សង្វេគ គិត​គ្នា​ថា ពួក​យើង​បើ​វៀរចាក​សាសនា​ហើយ មិន​គួរ​រស់នៅ​ឡើយ យើង​ទាំងឡាយ គួរ​ចូល​ទៅ​ក្នុង​ព្រៃធំ ហើយ​ប្រកប​នូវ​សាសនា​របស់​ព្រះ​ជិនស្រី។ កាលនោះ ពួក​ខ្ញុំ​បានឃើញ​ភ្នំ​ខ្ពស់​ក្នុង​ព្រៃ ទើប​ឡើងភ្នំ​នោះ​តាម​បង្អោង ហើយ​ច្រាន​បង្អោង​ចោល។ គ្រានោះ ព្រះ​ថេរៈ ទូន្មាន​នូវ​ពួក​យើង​ថា ការ​កើតឡើង​នៃ​ព្រះពុទ្ធ ជា​ការ​កម្រ​ណាស់ សទ្ធា​សោត ក៏​រកបាន​ដោយ​កម្រ​ដែរ ឯសាសនា​ដែល​សេសសល់​នៅ ក៏​ស្តួចស្តើង។
ថយ | ទំព័រទី ៣១០ | បន្ទាប់