ពួកយើងជាអ្នកមានសីល មានសេចក្តីករុណា មានចិត្តប្រកបដោយភាវនា បានប្រគេននូវសំពត់មានតម្លៃផង នូវភោជនមានរសដ៏ថ្លៃថ្លាផង នូវសេនាសនៈជាទីត្រេកអរផង នូវភេសជ្ជៈជាប្រយោជន៍ផង ដែលកើតឡើងដោយធម៌ ដល់ព្រះមុនី ព្រមទាំងព្រះសង្ឃ ហើយបម្រើព្រះនាយក ដោយមេត្រីចិត្តសព្វកាល។ កាលដែលព្រះអង្គជាកំពូលនៃលោក ទ្រង់បរិនិព្វានទៅ ពួកយើងក៏នាំគ្នាធ្វើការបូជា សមគួរតាមកម្លាំងធនធាន។ ពួកយើងទាំងអស់គ្នា ច្យុតអំពីមនុស្សលោកនោះ បានទៅកើតក្នុងឋានតាវត្តិង្ស សោយមហាសុខក្នុងឋានតាវត្តិង្សនោះ នេះជាផលនៃពុទ្ធបូជា។ ជាងក្រងផ្កា បាននូវផ្កា រមែងសម្តែងនូវការធ្វើរំលេចផេ្សងៗ ច្រើនយ៉ាង យ៉ាងណាមិញ ចំណែកខាងខ្ញុំ កាលកើតក្នុងភព បានជាធំក្នុងដែនវិទេហៈ ក៏យ៉ាងនោះដែរ។