មានមុខជ្រះថ្លាដោយបីតិ ទាំងមានទ្រព្យប្រសើរ គឺសទ្ធាជាប់តាមហើយ មានរោមដ៏រៀវងឡើង រីករាយ ឥតកម្រើកដូចជាដុំឈើ។ បុរសនុ៎ះ ប្រាថ្នានូវតំណែងនៃភិក្ខុអ្នកមានសច្ចៈជារបស់ខ្លួន ទ្រទ្រង់នូវចីវរសៅហ្មងនោះ មានអធ្យាស្រ័យតាំងនៅក្នុងគុណនៃភិក្ខុនោះ។ លុះខ្ញុំស្តាប់ព្រះពុទ្ធតម្រាស់នោះហើយ ក៏កើតសេចក្តីរីករាយ ក្រាបទៀបព្រះជិនស្រីដោយសិរ្សៈ ធ្វើនូវអំពីល្អ ក្នុងសាសនាព្រះជិនស្រី ដរាបដល់អស់ជីវិត។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់ទុកនូវសេចក្តីប្រាថ្នានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស។ ដោយអំពើដែលខ្ញុំបានដុតថ្នាក់ ក្នុងបដិក្កមនសាលា ខ្ញុំត្រូវវេទនាគ្របសង្កត់ ឆេះនៅក្នុងនរកអស់មួយពាន់ឆ្នាំគត់។ ដោយសំណល់កម្មនោះ ខ្ញុំបានកើតក្នុងត្រកូលមនុស្ស មានលក្ខណៈគេស្គាល់បានតាមលំដាប់ អស់ ៥០០ ជាតិ។