ខ្ញុំមានបរិវារច្រើន ចូលទៅគាល់ព្រះពុទ្ធ ជានាយកនៃនរជន ហើយសួរនូវប្រស្នាដ៏ល្អិតល្អន់ ជាប្រស្នានៃបុគ្គលមានថ្វីមាត់ ជាទីហូរមកនៃវាទៈថា លោកនេះ បរលោក ព្រហ្មលោក ព្រមទាំងទេវលោក (មានដែរឬទេ) ខ្ញុំព្រះអង្គមិនដឹងទិដ្ឋិរបស់ព្រះអង្គ ជាគោតមដ៏មានយសទេ។ ដែលខ្ញុំព្រះអង្គមកនេះ ដើម្បីសួរប្រស្នាចំពោះព្រះអង្គ ទ្រង់ឃើញវិសេសយ៉ាងនេះ ចុះមច្ចុរាជ មិនឃើញបុគ្គលដែលពិចារណាឃើញច្បាស់នូវលោក តើយ៉ាងណា។ ព្រះពុទ្ធទ្រង់ព្យាបាលរោគគ្រប់មុខ បានត្រាស់ឆ្លើយនឹងខ្ញុំវិញថា ម្នាលមោឃរាជ អ្នកចូរមានស្មារតីសព្វកាល ពិចារណានូវលោកថាសូន្យចុះ បុគ្គលដែលបានដកនូវអត្តានុទិដ្ឋិចេញហើយ រមែងឆ្លងចាកមច្ចុរាជបាន។ មច្ចុរាជ រមែងមិនឃើញនូវបុគ្គលអ្នកពិចារណាឃើញច្បាស់នូវលោក យ៉ាងនេះ។