កាលនោះ ខ្ញុំជាអ្នកចេះថែរក្សា រវាសរវៃ និងការឈឺឆ្អាលក្នុងការងារ របស់ត្រកូលមួយ នៅក្នុងនគរពន្ធុមតី។ គ្រានោះ ពួកជនមួយក្រុម បានឲ្យជាងកសាងបរិវេណ ដែលប្រាកដថាជាបរិវេណធំ ថ្វាយព្រះពុទ្ធ ព្រះនាមវិបស្សី ទ្រង់ស្វែងរកគុណដ៏ធំ។ លុះធ្វើបរិវេណរួចស្រេច ពួកជនទាំងនោះនាំគ្នាថ្វាយមហាទាន ប្រកបដោយបង្អែម ខ្ញុំពិនិត្យមើល (ក្នុងមហាទាននោះ) មិនឃើញមានទឹកដោះជូរថ្មី និងទឹកឃ្មុំសោះ។ គ្រានោះ ខ្ញុំកំពុងតែកាន់ទឹកដោះជូរថ្មី និងទឹកឃ្មុំដើរទៅផ្ទះនៃម្ចាស់ការងារ ស្រាប់តែពួកអ្នកស្វែងរកវត្ថុនោះ បានជួបនឹងខ្ញុំ។ គេបានឲ្យថ្លៃ ២០០ រហូតដល់ ១ ពាន់ ក៏នៅតែមិនបាន លំដាប់នោះ ខ្ញុំគិតថា វត្ថុនុ៎ះ មិនមែនជារបស់ថោកទាប។ ពួកជនទាំងនេះ គ្រប់គ្នាធ្វើសក្ការៈចំពោះព្រះតថាគតយ៉ាងណា អាត្មាអញនឹងធ្វើសក្ការៈចំពោះព្រះលោកនាយក ព្រមទាំងព្រះសង្ឃ យ៉ាងនោះដែរ។