កាលនោះ ខ្ញុំ​សរសើរ​ព្រះអង្គ​ជា​អ្នកប្រាជ្ញ ជា​ឥសី​ទី ៧ ដោយ​គាថា​ទាំងឡាយ។ ព្រះ​ជិនស្រី​អង្គ​នោះ មានព្រះហឫទ័យ​ត្រេកអរ​មួយរំពេច ក៏​តាំង​ខ្ញុំ​ក្នុង​ទី​ជា​ឯតទគ្គៈ។ ខ្ញុំ​កន្លង​បង់​នូវ​បុគ្គល​ដទៃ ដោយចិត្ត​ដ៏​ឈ្លាសវៃ​បាន ខ្ញុំ​ជា​បុគ្គល​មាន​សីល​ជាទីស្រឡាញ់ មាន​សេចក្តី​សង្វេគ ដោយ​បដិភាណ​ចិត្ត ក៏បាន​ដល់​នូវ​អរហត្ត។
 ភិក្ខុ​ដទៃ​ណាមួយ ជា​បុគ្គល​ប្រសើរ​ជាង​ភិក្ខុ អ្នកមាន​បដិភាណ ដូច​ជា​វង្គីស​ភិក្ខុ​នេះ មិន​មាន​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ចូរ​ចាំទុក​យ៉ាងនេះ​ចុះ។
 កម្ម​ដែល​ខ្ញុំ​ធ្វើ​ហើយ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ក៏​ឲ្យផល​ដល់​ខ្ញុំ ក្នុង​លោក​នេះ ខ្ញុំ​ដក​ផុត​ចាក​កិលេស​ហើយ ដូចជា​សន្ទុះ​សរ របូត​ផុត​ចាក​បំពង់ព្រួញ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។
ថយ | ទំព័រទី ៣៨១ | បន្ទាប់