ឥឡូវនេះ ដល់​មក​ក្នុង​បច្ឆិមភព ខ្ញុំ​កើត​ក្នុង​ត្រកូល​សេដ្ឋី​ក្នុង​ក្រុង​សាវត្ថី ជា​បុរី​ប្រសើរ ស្តុកស្តម្ភ ទូលាយ មានទ្រព្យ​ច្រើន។ ខ្ញុំ​បានឃើញ​ព្រះ​សុគត ទៀប​មាត់ទ្វារ​នៃ​បុរី ក៏​មានចិត្ត​រន្ធត់ កាល​ព្រះ​សុគត​ទទួល​វត្ត​ជេតពន ខ្ញុំ​ចូល​ទៅកាន់​ផ្នួស។ លំដាប់នោះ ខ្ញុំ​ត្រូវ​ព្រះសម្ពុទ្ធ ទ្រង់​ឃើញសព្វ ប្រៀនប្រដៅ​ហើយ មាន​សង្សារ​ឆ្លង​ហើយ ក៏បាន​ដល់​អរហត្ត ដោយ​កាល​មិនយូរ​ប៉ុន្មាន។ ខ្ញុំ​បាន​ធ្វើ​នូវ​ធម្មកថា និង​បរិ​បុច្ឆា ចំពោះ​នាង​ភិក្ខុនី​ទាំងឡាយ ភិក្ខុនី​ទាំងអស់​នោះ ចំនួន ៥០០ រូប​ឥត​ខ្វះ ដែល​ខ្ញុំ​ទូន្មាន​ហើយ ក៏បាន​ទៅជា​ភិក្ខុនី​មិន​មាន​អាសវៈ។ កាលនោះ ព្រះមានព្រះភាគ មាន​ព្រះទ័យ​ត្រេកអរ ទ្រង់​ធ្វើ​ប្រយោជន៍​ដ៏​ធំ ទ្រង់​តាំង​ខ្ញុំ​ក្នុង​តំណែង​ដ៏​ប្រសើរ ជាង​ពួក​សាវ័ក​អ្នក​ទូន្មាន​ពួក​ភិក្ខុនី។
ថយ | ទំព័រទី ៣៨៥ | បន្ទាប់