ទ្រង់ញុំាងពិស គឺកិលេសឲ្យវិនាសក្នុងទីទាំងពួង ដូចជាឱសថ ទ្រង់ស្អិតស្អាងគ្រឿងក្រអូបគឺគុណ ដូចជាភ្នំគន្ធមាទនៈ។ ព្រះអង្គជាអ្នកប្រាជ្ញ ជាអណ្តូងនៃគុណទាំងឡាយ ដូចជាសាគរ ជាទីកើតនៃរតនៈទាំងឡាយ ព្រះអង្គជាអាជានេយ្យនៃនរជន ទ្រង់នាំចេញនូវមន្ទិលគឺកិលេស ដូចជាស្ទឹងសិន្ធុ។ ព្រះអង្គញំាញីនូវមារ និងសេនានៃមារ ដូចជាមហាយោធាធំ ឈ្នះ (នូវបច្ចាមិត្ត) ជាឥស្សរៈដោយរតនៈ គឺពោជ្ឈង្គ ដូចជាស្តេចចក្រពត្តិ។ ព្រះអង្គជាពេទ្យរក្សានូវព្យាធិគឺទោសៈ ដូចជាគ្រូពេទ្យដ៏ធំ ព្រះអង្គវះនូវពកគឺទិដ្ឋិ ដូចជាពេទ្យវះដ៏ប្រសើរ។ កាលនោះឯង ព្រះជិនស្រី ព្រះអង្គជាពន្លឺរបស់លោក ទេវតា និងមនុស្សធ្វើសក្ការៈហើយ ជាព្រះអាទិត្យរបស់នរៈ ទ្រង់សម្តែងធម៌ក្នុងពួកបរិស័ទ។ ព្រះអង្គទ្រង់ទូន្មានប្រៀនប្រដៅថា បុគ្គលមានភោគៈច្រើន ព្រោះឲ្យទាន ទៅកើតសុគតិព្រោះសីល បានព្រះនិព្វានព្រោះភាវនា។