ព្រះអង្គជាអ្នកចំឡងសត្វលោក ទ្រង់គង់នៅក្នុងកណ្តាលនៃបរិសទ្យធំ (ទ្រង់សម្តែង) នូវអមតៈ គឺព្រះនិពា្វន ដែលជាគ្រឿងត្រេកអរយ៉ាងក្រៃលែង ជាគ្រឿងរាំងរានូវជរា និងមរណៈបាន។ ព្រះតថាគត ទ្រង់ជាទីពឹងនៃសត្វលោក ព្រះអង្គមានសំឡេងដូចសត្វករវិក មានសំឡេងគឹកកងដូចជាសំឡេងនៃព្រហ្ម ទ្រង់ស្រោចស្រង់ពពួកសត្វដែលដល់ហើយនូវសេចក្តីវិនាស មិនមានអ្នកដឹកនាំព្រះអង្គឲ្យរួចចាកទុក្ខធំ។ ព្រះអង្គជានាយកនៃសត្វលោក ទ្រង់សម្តែងធម៌ដ៏ប្រាសចាកធូលី ខ្ញុំបានឃើញហើយ ទាំងបានស្តាប់ធម៌របស់ព្រះអង្គហើយ ចូលទៅកាន់ផ្នួស។ លុះខ្ញុំបួសស្រេចហើយ ក៏ប្រឹងយកចិត្តទុកដាក់នឹងសាសនានៃព្រះជិនស្រី ត្រូវសេចក្តីជាប់ចំពាក់បៀតបៀន ក៏នៅក្នុងព្រៃជាទីរីករាយតែម្នាក់ឯង។ ការចេញចាកពួកដោយកាយរបស់ខ្លួននៃខ្ញុំ ជាហេតុនៃការចេញចាកពួកដោយចិត្តនៃខ្ញុំ ដែលជាអ្នកឃើញភ័យក្នុងការជាប់ចំពាក់ ក៏មានមកដល់ខ្ញុំ។