ផ្ទះ​ជា​វិការៈ​នៃ​មាស​ទាំងអស់ ដែល​វិស្សុកម្ម​ទេវបុត្រ​សាង​ថ្វាយ​ហើយ ផ្ទះ​នុ៎ះ​ខ្ញុំ​នៅ​អាស្រ័យ​ហើយ នេះ​ជា​ផល​នៃ​ការ​ឲ្យ​នូវ​ខឿន។ ខ្ញុំ​បាន​សោយ​នូវ​ភព​ជា​របស់​ទេវតា និង​មនុស្ស​ទាំងអស់​នោះ​ហើយ ដល់​នូវ​ព្រះនិព្វាន ជា​បទ​ដ៏​ស្ងប់​ប្រសើរ​ក្នុងថ្ងៃនេះ។ ក្នុង​កប្ប​ទី ៣ ម៉ឺន ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើ​ខឿន​ពោធិព្រឹក្ស ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ឲ្យ​នូវ​ខឿន។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ ជា​ដំណើរ​ល្អ​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ១០៥ | បន្ទាប់