ព្រះពុទ្ធ​ទ្រង់​កំចាត់​បង់​នូវ​ងងឹត​អន្ធការ ទ្រង់​ចម្លង​នូវ​ជន​ច្រើន ទ្រង់​រុងរឿង​ដោយ​ពន្លឺ​គឺ​ញាណ បុគ្គល​ណា​ឃើញ​ហើយ នឹង​មិន​ជ្រះថ្លា​ម្តេច​បាន។ ព្រះ​លោកនាយក ទ្រង់​សេ្តច​ទៅជាមួយ​នឹង​ព្រះ​ខីណាស្រព​មួយ​សែន ដែល​ស្ទាត់ជំនាញ ទ្រង់​ស្រង់​នូវ​សត្វ​ទាំងឡាយ​ដ៏​ច្រើន បុគ្គល​ណា​ឃើញ​ហើយ នឹង​មិន​ជ្រះថ្លា​ម្តេច​បាន។ ព្រះពុទ្ធ​នាំមក​នូវ​ធម្ម​ភេរី ទ្រង់​ញាំញី​នូវ​ពួក​តិរិ្ថយ បន្លឺ​ឡើង​នូវ​សីហនាទ បុគ្គល​ណា​ឃើញ​ហើយ នឹង​មិន​ជ្រះថ្លា​ម្តេច​បាន។ ពួក​ទេវតា ព្រមទាំង​ព្រហ្ម រហូតដល់​ព្រហ្មលោក មក​សួរ​នូវ​បញ្ហា​ដ៏​ល្អិត អ្នកណា​ឃើញ​ហើយ នឹង​មិន​ជ្រះថ្លា​ម្តេច​បាន។ ពួក​ជន ព្រមទាំង​ទេវតា ធ្វើ​នូវ​អញ្ជលី​បួងសួង ចំពោះ​ព្រះពុទ្ធអង្គ​ណា រមែង​បាន​ទទួល​នូវ​បុណ្យ ដោយសារ​ព្រះពុទ្ធអង្គ​នោះ បុគ្គល​ណា​ឃើញ​ហើយ នឹង​មិន​ជ្រះថ្លា​ម្តេច​បាន។ ជន​ទាំងពួង​មក​ព្រមគ្នា ហើយ​បវារណា​ព្រះពុទ្ធ​មាន​ចក្ខុ ព្រះអង្គ​ដែលគេ​អារាធនា​ហើយ រមែង​មិន​ញាប់ញ័រ បុគ្គល​ណា​ឃើញ​ហើយ នឹង​មិន​ជ្រះថ្លា​ម្តេច​បាន។
ថយ | ទំព័រទី ១៣០ | បន្ទាប់