អជេ្ជល​ផល​ទាយ​កត្ថេ​រាប​ទាន ទី៧


 [៩៧] កាលនោះ ព្រះ​បច្ចេក​សម្ពុទ្ធ ព្រះនាម​អជិនៈ ទ្រង់​បរិបូណ៌​ដោយ​ចរណៈ ឈ្លាសវៃ​ក្នុង​សមាធិ ជា​អ្នកប្រាជ្ញ គង់នៅ​ក្នុង​ព្រៃ​ហេមពាន្ត។ ខ្ញុំ​បាន​យក​ផ្លែ​អញ្ជលិ​ព្រឹ​ក្ស​ស្រស់ៗ ប្រមាណ​ប៉ុន​ក្អម ទាំង​យក​ឆត្រ​ស្លឹក ប្រគេន​ដល់​ព្រះ​សាស្តា។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែឈើ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ផល​ទាន។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា៦ នេះ ខ្ញុំ​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ ។
ថយ | ទំព័រទី ២៣៦ | បន្ទាប់